រឿង សូផាត [សង្ខេបរឿង]
យើងខ្ញុំសូមលើកយក អត្ថបទរឿងសូផាត ដែលជាអត្ថបទអក្សរសិល្ប៍ប្រលោមលោកទំនើប បែបមនោសញ្ចេតនា ក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគមបារាំង។ រឿងនេះនិពន្ធដោយលោក រីម គីន ក្នុងឆ្នាំ ១៩៣៨ ដែលត្រូវបានសង្ខេបដោយតទៅនេះ ៖
លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោកបានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយាហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។
នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេបានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពីលោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺរហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។
លុះដល់អាយុបានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។
ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះណារិន។ ក្រោយមកឪពុកធម៌ណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយ។
ថ្ងៃមួយក្រោយពេលសូផាតងូតទឹករួចភ្លេចចិញ្ចៀននៅក្នុងបន្ទប់ទឹក។ នាងម៉ានយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះ ហើយប្រគល់ឲ្យលោកឧកញ៉ា។ លោកក៏ជ្រាបដឹងថា សូផាតជាកូនបង្កើតរបស់ខ្លួន។
នាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេរ្តិ៍ជាស្រ្តីពុំបានក៏ឡើងទៅបន្ទប់សូផាតទាំងយប់ តែត្រូវបានសូផាតប្រាប់ឲ្យចាកចេញ។ នាងម៉ាយ៉ានប្រទះឃើញទិដ្ឋភាពបែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្តទៅលើបុរសបែបនេះ។ នាងគេចវេសខ្លួនចេញពីសូផាតជាដរាប ហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្ត ហើយក៏សម្រេចចិត្តចាកចេញពីផ្ទះនេះ។
ក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពីផ្ទះ លោកក៏ចេញបញ្ជាឲ្យគេតាមរក ស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាត។ ចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុខហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ី។ ឯសំណាងជាកូនអ្នកមានក៏បម្រុងនឹងចូលស្តីដណ្តឹងនាងម៉ានយ៉ាន។ ក្រោយមកនាងម៉ានយ៉ានបានទៅជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរកនាង។
នៅថ្ងៃដែលនាងរៀបការ នាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ ពេលនោះហើយដែលសូផាតបានជួបនឹងនាងម៉ានយ៉ានម្តងទៀត ហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយរៀង។ ដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនាងម៉ានយ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញ ហើយជួបគ្នាដោយចៃដន្យនៅទីនោះ។
ទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញ ហើយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណី ហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពីពេលនោះមក។
ប្រធានរឿង៖
- រឿងនេះចង់បង្ហាញពីជីវិតតស៊ូព្យាយាមរបស់យុវជនមួយរូបក្នុងនាមជាកូនកំព្រា។
មូលបញ្ហារឿង៖
- ការផិតក្បត់របស់លោកសួនចំពោះនាងសូយា (បន្សល់ទុកនូវកូនកំព្រា)
- ការយល់ច្រឡំរបស់កំលោះក្រមុំ (សូផាត និងនាងម៉ានយ៉ាន)
- បញ្ហាការតស៊ូរៀនសូត្ររបស់សូផាត
- ស្នេហាស្មោះស្ម័គ្ររបស់កំលោះក្រមុំ (សុផាត និងនាងម៉ានយ៉ាន)
- ឧត្តមគតិរឿង៖
- ត្រូវចេះជួយយកអាសារ និងទំនុកបម្រុងគ្នាទៅវិញទៅមក
- ត្រូវចេះតស៊ូព្យាយាមជំនះរាល់ការលំបាក
- ត្រូវគោរពប្រពៃណីទំនៀមទម្លាប់ជាតិ
- ត្រូវស្មោះត្រង់នឹងស្នេហា
Comments
Post a Comment