ប្រវត្តិ អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត

លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត)
លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះ រណ្ដំ​ចិត្ត គួប​ផ្សំ​និង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា ។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក ។ លោក សុីន សាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ ។

ព័ត៌មានសំខាន់ៗ

ថ្ងៃខែឆ្នាំកំណើត ៖ ២៣ សីហា ១៩៣២ ឆ្នាំរកា
ទីកន្លែងកំនើត ៖ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សញ្ជាតិ ៖ ខ្មែរ
មរណៈភាព ៖ ១៨ ឧសភា ១៩៧៦
ប្រភេទតន្ត្រី ៖ មនោសញ្ចេតនា ប្រជាប្រិយ រ៉ក់ និង រ៉ូល
វិជ្ជាជីវៈ ៖ អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត
គ្រឿងភ្លេង ៖ ម៉ង់ដូលីន , ស្រឡៃ ,បុីពក
ឆ្នាំប្រកបវិជ្ជាជីវៈ ៖ ១៩៥០ –១៩៧៥
ផលិតកម្ម ៖ វត្តភ្នំ
ដៃគូ ៖ រស់ សេរីសុទ្ឋា និងប៉ែន រ៉ន
ទទួលឥទ្ធិពលពី ៖ អេលវីស-ប្រេសលី សម-យុទ្ធ
គេហទំព័រ ​ ៖ សមាគម ស៊ីន ស៊ីសាមុត

ជីវប្រវត្តិ

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ
ប្រជាប្រិយភាព​របស់​លោក ស៊ីន-ស៊ីសាមុត មិន​បាន​ធ្វើ​ឱ្យ​ចុះ​ទន់​ខ្សោយ​កិត្តិនាម​របស់​អ្នក​ចម្រៀង​​ដទៃ​ទៀត ដូច​ជា លោក អ៊ឹម-សុងសឺម និង អ្នក​ស្រីហួយ-មាស ដែល​ច្រៀង​ឱ្យ​វិទ្យុ​ជាតិ​នា​សម័យ​​នោះ​ទេ ។ លោក មាស-ហុកសេង អ្នក​សិល្បៈ​ចម្រៀង​នៅ​​​​​​មហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ ​(សាលា​រចនា) មាន​កិត្តិនាម​ល្បី​តាម​រយៈ​បទ​ លលក​ញី​ឈ្មោល នៅ​ឆ្នាំ ១៩៦៦ ។ កិត្តិសព្ទ​របស់​តារា​ចម្រៀង​ល្បី ៗ ទាំង​នេះ បាន​ដោយ​សារ​​ទឹក​ដៃ​​និពន្ឋ​របស់​កវី ម៉ា-ឡៅពី ដែល​បាន​និពន្ធ​បទ​ល្បី ៗ​ដូច​ជា​បទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជា​ដើម ។ លោក ម៉ា-ឡៅពី បាន​លា​ចាក​​លោក​នៅ​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើន​តែ​ច្រៀង​និង​មិន​សូវ​និពន្ធ​​បទ​ភ្លេង​ទេ ។ បទ​ចម្រៀង​ល្បី​របស់​លោក ​គឺ បទ​កោះត្រល់ ដែល​បាន​ថត​នៅ​ឆ្នាំ ១៩៦៣ នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ខ្មែរ​គ្រប់​រូប ដែល​សោក​ស្តាយ​នូវ​ការ​​បាត់​បង់កោះត្រល់​ទៅ​វៀតណាម ។ លោក អ៊ឹម-សុងសឺម និង​អ្នក​ស្រី ហួយ-មាស តែង​តែ​ទៅ​តាម​សម្តេច​ ព្រះបាទនរោត្តម-សីហនុ ពេល​ទ្រង់​ចុះ​ទៅ​​ទស្សនកិច្ច​តាម​ខេត្ត ដើម្បី​ច្រៀង​បទ​ចម្រៀង​ប្រជាប្រិយ មាន​រាំ​វង់​ជា​ដើម សម្រាប់​កំដរ​បង​ប្អូនប្រជាពលរដ្ឋ​ ដែល​ទៅ​ទទួល​ស្វាគមន៍​ព្រះ​ប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏​ជា​អ្នក​ចម្រៀង​ល្បី​​នា​សម័យ​នោះ​ដែរ តាម​រយៈ​បទអាកាសយាន ។ អ្នក​គាំ​ទ្រ​លោក សុះម៉ាត់ ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​និយម​បទ​ថ្មី ៗ របស់​​លោក ស៊ីន-ស៊ីសាមុត ដែល​ចេញ​ក្រោយ​ទេ ។
កុមារភាព
លោក ស៊ីន-ស៊ីសាមុត ចាប់​កំណើត​នៅ​ថ្ងៃ ២៣ សីហា ១៩៣២ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូន​ប្រុស​ពៅ​នៃ​បណ្ដា​បង​ប្អូន ៤ នាក់​ (ប្រុស ២ ស្រី ២) របស់​លោក ស៊ីន-លាង និង​អ្នក​ស្រី ស៊ីន-ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ លោក​ឪពុក​របស់​លោក ជាឆ្មាំយាម​ពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង ។ លោក​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺ ហើយ​ម្តាយ​របស់​លោក ក៏​​រៀប​ការ​​ម្តង​ទៀត ដែល​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​នូវ​កូន ២ នាក់​​ទៀត ។

លោក ស៊ីន-ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ ។ លោក​ជា​ក្មេង​ល្អ និងទទួល​​បាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​គ្រូ​និង​មិត្ត​រួម​ថ្នាក់ ។ លោក​មាន​និស្ស័យ​ជាមួយ​សិល្បៈ តាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូត​ទ្រ ដេញ​ម៉ង់ដូលីន និង​ចាប៉ី ។ ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា ។ កាល​ពី​កុមារ លោក​ជា​ក្មេង​សុភាព ស្រគត់​ស្រគំ ចិត្ត​ល្អ និង​ចេះ​អាណិត​អាសូរ​អ្នក​ដទៃ ។ គេ​និយាយ​ថា លោក​និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដោយ​សំដី​ទន់​ភ្លន់​និង​ផ្អែម​ល្ហែម ។ លោក​តែង​ទៅលេង​​វត្ត​នៅ​ក្បែរ​ផ្ទះ​ជា​ញឹក​ញាប់​ និង​បាន​និយាយ​លេង​ជាមួយ​ព្រះសង្ឃ​​នា​ពេល​ទំនេរ ។ លោក​មាន​និស្ស័យ​នឹង​ព្រះពុទ្ធឋសាសនា ដោយ​លោក​បាន​សុំ​រៀន​ភាសាបាលីពី​ភិក្ខុ​មួយ​អង្គ ។ លោក​ចូល​ចិត្ត​អាន​សៀវភៅ ទាត់បាល់ និង​បង្ហោះ​ខ្លែង ។ ចំពោះ​ការ​បរិភោគ ចូល​ចិត្ត​ញ៉ាំ​តែ​ម្ហូប​គោក មាន​សាច់ មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ។ ពងទាចៀន​ជា​ម្ហូប ដែល​លោក​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ ។


Comments

Popular posts from this blog

ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

រឿង សូផាត [សង្ខេបរឿង]