[ភាសាខ្មែរ] តែងសេចក្តីបែបអត្ថាធិប្បាយ



ដូចម្តេចដែលហៅថាតែងសេចក្តី?
ពាក្យថា «តែងសេចក្តី» បានមកពី ៖ តែង បូកនឹង សេចក្តី ។

តែង៖ រៀបចំ រចនា កែច្នៃ កែលម្អ​ ធ្វើឲ្យ​មាន​របៀប
សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែលមានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។


ដូច្នេះ «តែងសេចក្តី» មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកបដោយផលប្រយោជន៍ជាទីពេញចិត្ត។
១. ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយ
ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយមានដូចជា៖
អត្ថាធិប្បាយបែបពន្យល់
អត្ថាធិប្បាយបែបពិភាក្សា
អត្ថាធិប្បាយបែបប្រៀបធៀប
២. សេចក្តីណែនាំក្នុងការសរសេរតែងសេចក្តី
 ដើម្បីសរសេរតែងសេចក្តីឲ្យបានល្អ និងមិនមានការភាន់ច្រឡំ ឬចាកប្រធាន អ្នកសរសេរត្រូវ៖
ស្វែងរកពាក្យពិបាក ឬពាក្យគន្លឹះសំខាន់ៗរបស់ប្រធាន
ស្វែងយល់ន័យរបស់ប្រធានឲ្យបានស៊ីជម្រៅ
ពិចារណាឲ្យបានច្បាស់ថាតើជាប្រធានប្រភេទណា? (ពន្យល់? ពិភាក្សា? ប្រៀបធៀប?)
ស្វែងយល់ពីដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថាតើគេឲ្យសរសេរត្រឹមកម្រិតណា? លើកឧទាហរណ៍ក្នុងរឿងអ្វី?

ដើម្បីពង្រីកខ្លឹមសារនៃតែងសេចក្តីឲ្យបានក្បោះក្បាយ និងមានអំណះអំណាងគ្រប់គ្រាន់អ្នកសរសេរត្រូវ៖
ស្វែងយល់ពីតថភាពសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ
អានសៀវភៅអំពីចំណេះដឹងទូទៅឲ្យបានច្រើន
អានស្នាដៃអក្សរសិល្ប៍ឲ្យបានច្រើន
ចងចាំពីសកម្មភាព និងសំដីរបស់តួអង្គឲ្យបានច្រើន និងច្បាស់លាស់
រៀនស្វែងយល់ពីអត្ថន័យនៃរឿងនីមួយៗឲ្យច្បាស់លាស់
ឧស្សាហ៍អានតែងសេចក្តីរបស់អ្នកនិពន្ធឲ្យបានច្រើន
កត់ត្រាគំនិតអប់រំនៃអត្ថបទរឿងដើម្បីទុកជាជំនួយក្នុងការសរសេរតែងសេចក្តី

៣. ការណែនាំអំពីវិធីតែង
ក. សេចក្តីផ្តើម៖
ជាលំនាំដើមដើម្បីនឹងឈានចូលទៅរកបញ្ហា
ត្រូវសរសេរឲ្យខ្លីល្មម ហើយផ្ចិតផ្ចង់
យកគំនិតទូទៅដែលមានខ្លឹមសារមកផ្តើម
ផ្តើមទាក់ទងនឹងប្រធាន
ចៀសវាងការផ្តើមសេចក្តីចេញក្រៅប្រធាន ឬមិនទាក់ទងនឹងប្រធាន ទោះបីគំនិតនោះល្អខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ហើយមិនត្រូវយកបញ្ហាក្រៅមកចោទទេ។
ចៀសវាងការប្រើពាក្យបាលី សំស្រឹ្កត ប្រសិនបើពាក្យនោះពុំមានតម្លៃចាំបាច់ទេ ហើយជាពាក្យដែលគេអាចយកពាក្យខ្មែរមកជំនួសបានដោយងាយ។
ចៀសវាងការផ្តើមសេចក្តីដូចប្រលោមលោក (ព្រះទិនករបររាជរថ ព័ទ្ធភ្នំព្រះសុមេរុ...។)
ចៀសវាងការស្រាយបញ្ហានៅក្នុងសេចក្តីផ្តើម។ មតិ គំនិត ឃ្លា ប្រយោគ ដែលត្រូវប្រើនៅក្នុងសេចក្តីអធិប្បាយ កុំយកមកនិយាយនៅក្នុងសេចក្តីផ្តើម ដើម្បីចៀសវាងនូវការផ្ទួនដោយឥតប្រយោជន៍។

ខ. តួសេចក្តី៖
ជាផ្នែកមួយដែលទាមទារឲ្យមានការពន្យល់ បកស្រាយ វែកញែកឲ្យបានក្បោះក្បាយ។
ក្នុងការបកស្រាយ យើងត្រូវពង្រីកគំនិតយល់ដឹងប្រកបដោយការត្រិះរិះពិចារណា ដើម្បីធ្វើអត្ថាធិប្បាយឲ្យបានទូលំទូលាយ មានរបៀបរៀបរយ ច្បាស់លាស់ មិនសរសេរច្រំដែល។
ការបកស្រាយពន្យល់ត្រូវឈរលើទស្សនៈសមហេតុផល ហើយត្រូវមានអំណះអំណាង ឬឧទាហរណ៍មកបញ្ជាក់ (ក្នុងសង្គម ក្នុងអក្សរសិល្ប៍ ក្នុងប្រវត្តិសាស្រ្ត...)
អំណះអំណាង ឬឧទាហរណ៍បញ្ជាក់ត្រូវឲ្យស៊ីទៅនឹងខ្លឹមសារប្រធាន។ ចៀសវាងការលើកយកដំណើររឿងទាំងស្រុងមកធ្វើជាឧទាហរណ៍។
ចំពោះសេចក្តីដកស្រង់ ដែលត្រូវយកមកប្រើត្រូវដាក់នៅក្នុងអព្ភន្តរសញ្ញា ( «......») ដោយពុំកាត់សេចក្តីដើមរបស់គេទេ តែបើយើងមិនចាំសម្តីដើមច្បាស់លាស់ទេ យើងអាចសង្ខេបយកខ្លឹមសារមកបានហើយ តែមិនចាំបាច់ក្នុងអព្ភន្តរសញ្ញាទេ។
ត្រូវចេះប្រើឃ្លាភ្ជាប់សេចក្តីពីឃ្លាមួយទៅឃ្លាមួយ ចៀសវាងការប្រើពាក្យច្រំដែល។ ឃ្លាភ្ជាប់សេចក្តីមានដូចជា៖ ចំណែក ចំណែកឯ រីឯ មួយវិញទៀត ប៉ុន្តែ ក៏ប៉ុន្តែ ម្យ៉ាងវិញទៀត ផ្ទុយទៅវិញ យ៉ាងណាក៏ដោយ ជាងនេះទៅទៀត បន្ថែមលើនេះទៀត ដូចគ្នានេះដែរ មិនតែប៉ុណ្ណោះ អាស្រ័យហេតុនេះ រួមសេចក្តីទៅ...។
បញ្ចប់តួសេចក្តី ត្រូវធ្វើសរុបមតិមួយ ដោយគ្រាន់តែស្រង់គំនិតសំខាន់ៗខាងលើមកដាក់តាមលំដាប់លំដោយ។

គ. សេចក្តីបញ្ចប់៖

សេចក្តីបញ្ចប់ពុំមែនជាសេចក្តីសង្ខេបនៃតួសេចក្តីទេ តែជាសេចក្តីបញ្ចប់ដែលឆ្លើយតបយ៉ាងដាច់ខាតទៅនឹងចំណោទបញ្ហា ដែលចោទឡើងនៅក្នុងសេចក្តីផ្តើម។ ត្រូវចៀសវាងការបញ្ចប់សេចក្តីដោយលើកយកបញ្ហាថ្មីមួយទៀតមកចោទ ពីព្រោះនាំឲ្យខូចឯកភាពនៃកិច្ចការរបស់យើង។ យោបល់រួមត្រូវតែជាមតិ គំនិតផ្ទាល់ខ្លួន ហើយជាការពោលអារកាត់ដាច់ខាត ច្បាស់លាស់ ពុំមែនជាការនិយាយស្ទាក់ស្ទើរ មិនដាច់សេ្រចឡើយ។

Comments

Popular posts from this blog

ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

រឿង សូផាត [សង្ខេបរឿង]